ក្រុមចម្ការកៅស៊ូបឹងកេតនឹងចាប់ផ្តើមលេងដោយគ្មានកំណត់ត្រាពិសេសអ្វីឡើយនៅពេលពួកគេជួបគិរីវង់សុខសែនជ័យនាវេលាម៉ោង៣រសៀលថ្ងៃពុធនេះ នៅពហុកីឡដ្ឋានជាតិ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុបន្ថែមពីការប្រកួតនេះនឹងនាំឲ្យបឹងកេតឡើងកាន់តែកៀកបំផុតក្នុងការក្លាយជាក្រុមដំបូងដែលត្រូវទទួលបានកៅអីទៅកាន់វគ្គខ្វែងក្នុងយុទ្ធនាការក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ នេះ។ បច្ចុប្បន្នបឹងកេតបានរងការខកចិត្តក្រោយពីបានបាត់បង់កំណត់ត្រាឈ្នះរហូតរបស់ខ្លួន ក្រោយបានលទ្ធផលត្រឹមស្មើអាស៊ីអឺរ៉ុប និងចាញ់បៀលប្រាយ។ ប៉ុន្តែពួកគេនៅរក្សាតំណែងកំពូលតារាងដោយមាន៣១ពិន្ទុពីការប្រកួត១២លើក។ បច្ចុប្បន្នបឹងត្រូវការ៤ពិន្ទុទៀតដើម្បីកក់កៅអីវគ្គ Playoff បើប្រៀប ធៀបជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដែលកំពុងឈរលេខ៥ ដោយមាន១៩ពិន្ទុពីការប្រកួត១៣លើក។ សម្រាប់ក្រុមគិរីវង់សុខសែនជ័យ ខេត្តតាកែវ ពួកគេត្រូវការសន្សំពិន្ទុទៅឡើងទៅកាន់តំណែង Top 4 វិញ ប៉ុន្តែជ័យជម្នះនៅថ្ងៃនេះ បានត្រឹមតែឲ្យពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៥ពីអគ្គស្នងការដ្ឋាននគរបាលជាតិតែប៉ុណ្ណោះ។ គិរីវង់មាន១៨ពិន្ទុពីការប្រកួតចំនួន១៣លើករបស់ខ្លួន។ កាលពីជំនួបជើងទីមួយ បឹងកេតបានទទួលជ័យជម្នះលើគិរីវង់ក្នុងលទ្ធផល ២-១ ហើយក៏ពីរដូវកាលមុន គិរីវង់ក៏បានទទួលរងគ្រោះទាំងពីរជើងផងដែរ។ ឃួន ឡាបូរ៉ាវី របស់ខេត្តស្វាយរៀងបានដណ្តើមតំណែងជាកីឡាករដែលបានស៊ុតបាល់ច្រើនជាងគេដោយសម្រេចបានចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់បឹងកេតឈរនៅលំដាប់លេខ២ និងលេខ៣ ដោយរកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់គិរីវង់ និងជាអតីតម្ចាស់ជើងឯកមាសកាលពីរដូវកាលមុនក្នុងនាមជាកីឡាកររបស់បឹងកេត រកបាន៨គ្រាប់៕